តើមានវិធីសាស្ត្រយ៉ាងណាខ្លះដើម្បីឈប់ជក់បារី?

 

១. ការតាំងចិត្ត

ជាដំបូងត្រូវលើកទឹកចិត្តឲ្យមានការតាំងចិត្តយ៉ាងពិតប្រាកដ ក្នុងការសម្រេចចិត្តឈប់ជក់បារី។ ចំនុចនេះមានសារសំខាន់ណាស់ ព្រោះអ្នកជក់បារីមិនអាចឈប់ជក់បារីបានដោយគ្នានការតាំងចិត្តនោះទេ។ នៅពេលការតាំងចិត្តរបស់ អ្នកជក់​កាន់តែខ្លាំងក្លា នោះជោគជ័យនៃការផ្តាច់បារីក៏កាន់តែជាក់លាក់ដែរ។

២. កំណត់កាលបរិច្ឆេទច្បាស់លាស់ ដើម្បីឈប់ជក់បារី

បន្ទាប់ពីមានការតាំងចិត្តរួចហើយ ត្រូវកំណត់កាលបរិច្ឆេទច្បាស់លាស់ដើម្បីឈប់ជក់បារី។ ពេលវេលាដែលល្អបំផុតសម្រាប់ឈប់ជក់បារី គឺថ្ងៃនេះតែម្តង ព្រោះការពន្យាពេលអាចធ្វើឲ្យការតាំងចិត្តរបស់អ្នកជក់​ធ្លាក់ចុះ។

៣. ការត្រៀមខ្លួនឈប់ជក់បារី

នៅពេលអ្នកជក់​មានការតាំងចិត្តមុតមាំហើយ ព្រមទាំងកំណត់កាលបរិច្ឆេទឈប់ជក់បារីរួចហើយ ជំហានបន្តមកទៀត គឺត្រៀមខ្លួនជាមុន ដោយអនុវត្តតាមវិធីខាងក្រោម៖

- បោះបារី និងចានគោះក្រញមបារីចោល

- នៅឲ្យឆ្ងាយពីអ្នកជក់បារី ព្រោះការឃើញកេជក់បារី នាំឲ្យគាត់នឹកឃើញចង់ជក់

- ចៀសវាកុំទទួលទានគ្រឿងស្រវឹង ឬកាហ្វេ ក្នុងដំណាក់កាលដំបូងនៃការឈប់ជក់បារី។ គួរតែទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន។

៤. ត្រូវដឹងពីរោគសញ្ញាញៀន

អ្នកផ្តាច់បារីត្រូវដឹងនូវរោគសញ្ញាញៀនដែលអាចកើតមាន ក្នុងអំឡុងប៉ុន្មានថ្ងៃដំបូង នៃការឈប់ជក់បារី។ រោគសញ្ញាទាំងនេះមានចំណង់ជក់បារីខ្លាំង(ជូរមាត់) មានអារម្មណ៍តប់ប្រមល់ ឆាប់ខឹង មួរម៉ៅ អារម្មណ៍មិននឹងន៎ គិតអ្វីមិនចេញ ឈឺក្បាល វិលមុខ ធីងធោង សំរាន្តមិនលក់។ល។ រោគសញ្ញាញៀនទាំងនេះ នឹងថយចុះជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ នៅថ្ងៃទី៣ ឬទី៥ នៃការឈប់ជក់បារីរបស់គាត់ អាការៈធីងធោង តប់ប្រមល់នឹងត្រូវជំនួសដោយអាការៈស្រួលខ្លួន អារម្មណ៍ភ្លឺថ្លា និងដកដង្ហើមបានស្រួល។

៥. វិធីទប់ទល់នឹងចំណង់ជក់បារីខ្លាំង

ចំណង់ជក់បារីខ្លាំង គឺជារយៈពេលខ្លីមួយ (៣-៥នាទី) ដែលអ្នកឈប់ជក់បារីថ្មីៗ មានអារម្មណ៍ត្រូវការបារីខ្លាំងក្លាបំផុត។ ចំណង់នេះអាចកើតឡើងរៀងរាល់ ១ម៉ោងម្តង ឬប្រែប្រួលទៅតាមអ្នកជក់បារីម្នាក់ៗ។ នៅពេល​មានចំណង់ចង់ជក់បារីខ្លាំងម្តងៗ ត្រូវអនុវត្តតាមវិធីសាស្រ្ត ដូចខាងក្រោម៖

- ប្រកាស ឬរំលឹកខ្លួនឯងថា ខ្ញុំឈប់ជក់បារីហើយ

- ក្រេបទឹកបន្តិចម្តងៗឲ្យអស់១កែវ

- ដកដង្ហើមវែងៗ ឲ្យបានឋ ៣ ទៅ ៥ដង

- ធ្វើអ្វីមួយដើម្បីបន្លប់ការចង់ជក់បារី ដូចដើរជំវិញផ្ទះ ទំពារស្ករកៅស៊ូ ធ្វើពលកម្មស្រាលៗ អានសៀវភៅ ស្តាប់វិទ្យុ ជជែកលេងជាមយយអ្នកមិនជក់បារី ។ល។

- ហាត់ប្រាណ ឬសមាធិ ភាវនា ឬបន់ស្រន់។

វិធីទាំងនេះមានគោលបំណង់បន្លប់ចំណង់ចង់ជក់បារីខ្លាំង ដែលមានរយៈពេលតែពី ៣ទៅ ៥នាទីប៉ុណ្ណោះ។ អនុវត្តតាមវិធីទាំងនេះរាល់ពេលដែលមានចំណង់បារី រហូតដល់អារម្មណ៍ទាំងនេះ លែងកើតមាន។

វិធីខ្លះៗដែលអាចជួយកុំឲ្យលាប់ជក់ឡើងវិញ

-ត្រូវយកឈ្នះលើគំនិត ដែលអូសទាញទៅរកការលាប់ជក់បារីជាថ្មី ដូចជា បារីមួយដើមមិនអីទេ! ខ្ញុំជក់បារីតែនៅពេលដែលខ្ញុំស្មុគ្រស្មាញ ជក់បារីដើម្បីប្រមូលអារម្មណ៍ធ្វើការ។ល។

-ជូនរង្វាន់ចំពោះខ្លួនឯង កាត់ផ្តាច់បារីបានគឺជាជោគជយដ៏ធំក្នុងជីវិត។ គាត់គួរតែមានមោទនភាពនឹងជ័យជំនះនេះ។ គាត់អាចប្រើប្រាស់លុយដែលមិនទិញបារី សំរាប់ទិញវត្ថុផ្សេងៗដែលគាត់ពេញចិត្ត។

- រំលឹកខ្លួនឯងជានិច្ចថា ខ្លួនឯងជាអ្នកមិនជក់បារី ដោយទំលាប់ឆ្លើយបដិសេធ ទៅកាន់ការជក់បារី។

- ព្យាយាមនៅឲ្យឆ្ងាយពីអ្នកជក់បារី រហូតដល់គាត់ច្បាស់ក្នុងចិត្តថា គាត់មិននឹកចង់បារីទៀតពេលគាត់ឃើញគេជក់បារី។

- សុំការគាំទ្រពីក្រុមគ្រួសារ និងមិត្តភក្តីដើម្បីឲ្យពួកគាត់រំលឹក អំពីការឈប់ជក់បារីនេះ។