យុវជនកម្ពុជា​៩២% យល់ថា​សារព្រមានសុខភាពជារូបភាព​ មានប្រសិទ្ធភាពក្នុងការបង្ការកុមា​ពីការចាប់ផ្ដើមជក់បារី

       នៅទូទាំងសកលលោក​មនុស្សជាច្រើន​ មិនបានយល់ដឹង​  ភាន់ច្រឡំ ឬក៏ មើលស្រាល​ទៅ​លើ​គ្រោះថ្នាក់​​នៃជម្ងឺ និងការស្លាប់​មុនអាយុកាលដោយសារការប្រើប្រាស់ថ្នាំជក់ និងការស្រូបផ្សែងថ្នាំជក់ពីគេ​ទេ​។ ការដាក់​សារព្រមានសុខភាព​ជារូបភាព​នៅលើកញ្ចប់បារី​ជាមធ្យោបាយ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​បង្កើន​ការ​យល់​​ដឹង​ពី​ផលប៉ះ​ពាល់ដល់​សុខភាព ដែល​បណ្តាល​មកពីការ​ប្រើប្រាស់​ថ្នាំជក់ ​និង​កាត់​បន្ថយ​​​ការ​ប្រើប្រាស់​ថ្នាំជក់។​ ប្រសិទ្ធភាព​នៃសារព្រមាន​សុខភាពជារូបភាព​ មានការកើនឡើង​ជាមួយ​នឹង​​ភាព​លេច​ធ្លោរបស់​វា។ បើធៀប​ជាមួយនឹងសារព្រមាន​សុខភាព​ដែលមាន​ត្រឹមតែអក្សរនោះ សារព្រមានសុខភាព​ជារូបភាព​ ​​ដែល​មាន​​ទំហំ​ធំ ហើយ​​មានរូបភាព​​​ គួរឲ្យ​ចាប់អារម្មណ៍​​ និង​ផ្ដល់​ព័ត៌មាន​ពីគ្រោះថ្នាក់​ដល់​សុខ​ភាព​​​បានល្អ​​ នឹង​ញ៉ាំង​ឲ្យ​មនុស្ស​ទាំង​ឡាយ​​មាន​ការរំជួលចិត្តកាន់តែខ្លាំង​ និង​ជំរុញ​អោយ​អ្នកជក់បារី​​លះបង់​ ឬបន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំជក់​បាន​កាន់តែ​ច្រើន។ បំរាមសុខភាព​លើកញ្ចប់បារី​កាន់តែធំ គឺ​កាន់តែធានាបាន​នូវប្រសិទ្ធភាព​កាន់តែ​យូរ និង​មាន​ប្រសិទ្ធ​ភាព​យ៉ាង​ពិសេស ក្នុងការផ្ដល់​ព័ត៌មាន​ពីផលប៉ះពាល់​ដល់សុខភាព​ទៅ​ដល់​ប្រជាពលរដ្ឋ ដែល​មាន​ចំណេះ​ដឹង​ទាប អ្នក​មិនចេះអក្សរ កុមារ និង​យុវជន។ ការសិក្សាដែលបានធ្វើឡើងបន្ទាប់ពីការអនុវត្ដ នៃការដាក់​​សារ​ព្រមាន​សុខភាព​ជារូបភាព​លើកញ្ចប់បារី នៅក្នុងប្រទេសប្រេស៊ីល

 ប្រទេសកាណាដា ប្រទេស​សិង្ហបុរី និងប្រទេសថៃបង្ហាញថា​ ការដាក់​សារ​ព្រមានសុខភាព​ជារូបភាពលើកញ្ចប់បារី បាន​បង្កើន​ការយល់ដឹង​របស់​ប្រជាជន​អំពីគ្រោះ​ថ្នាក់​នៃ​ការប្រើប្រាស់​ថ្នាំជក់យ៉ាងមានប្រសិទ្ធភាព​។

      ជាទូទៅនៅពេលដែលរដ្ឋាភិបាលនៃប្រទេសណាមួយ​បង្កើតច្បាប់​ ឬគោលនយោបាយតម្រូវឲ្យ​ដាក់សារព្រមានសុខភាព​ជារូបភាពលើកញ្ចប់បារី ឧស្សាហកម្មថ្នាំជក់តែងតែ​លើកឡើងថា ការដាក់​សារព្រមាន​សុខភាព​នេះ នឹងធ្វើឲ្យ​មានការប្រើប្រាស់ផលិតផលខុសច្បាប់ ដែលភាគ​ច្រើន​មិនមាន​សារព្រមាន​សុខ​ភាព ហើយការកើនឡើងនៃការប្រើប្រាស់ផលិតផលខុសច្បាប់នេះ ធ្វើឲ្យ​ការប្រមូល​ពន្ធ​របស់​រដ្ឋាភិបាល​ថយចុះ។ ប៉ុន្តែមិនមានរដ្ឋាភិបាលនៃប្រទេសណាមួយយកចិត្តទុកដាក់នឹងការអះអាងនេះទេ ព្រោះគេបាន​ដឹងរួចហើយថា នេះជាលេសរបស់ឧស្សាហកម្មថ្នាំជក់ដែលតែងតែប្រើដើម្បី​រារាំងមិនឲ្យមានច្បាប់ ឬគោល​នយោបាយ​ដើម្បីគ្រប់គ្រងផលិតផលថ្នាំជក់នោះទេ។ អង្គការសុខភាពពិភពលោកបានបង្ហាញថា ៩% ទៅ ១១% នៃទីផ្សារបារីនៅលើពិភពលោកគឺជាបារី​ខុសច្បាប់ ហើយ​ នៅប្រទេសខ្លះ ទីផ្សារ​បារីខុស​ច្បាប់ មាន​រហូតដល់ទៅ​៥០%ឬច្រើនជាងនេះ។ មូលហេតុនៃ​ការកើនឡើងនៃ​ការប្រើ​ប្រាស់​​ផលិតផល​ខុស​ច្បាប់​ទាំ​ងនោះ​​មិនមែនដោយសារ​ការដាក់សារព្រមានសុខភាពជារូបភាព​នៅលើកញ្ចប់បារីនោះទេ គឺកើន​ឡើង​ដោយ​សារ​​តែមិនមាន​វិធាន​ការតឹងរ៉ឹងក្នុងការត្រួតពិនិត្យ តាមដាន ការនាំចូល និងការលក់។ មិនតែ​ប៉ុណ្ណោះ ការដាក់​សារព្រមាន​សុខភាព​ជារូបភាព​លើ​កញ្ចប់បារី​មិនត្រឹមតែ​មិនមែន​ជាកត្តា​ដែល​បង្កឲ្យ​មានការ​ប្រើប្រាស់​ផលិតផល​​ខុ​ស​​ច្បាប់នេះទេ ថែមទាំងជាវិធីសាស្រ្តមួយដែល​ឲ្យរដ្ឋាភិបាល​ងាយស្រួល​ក្នុងការ​បែង​ចែង​រវាង​​​ផលិតផលស្របច្បាប់ និងផលិតផលខុសច្បាប់ទៀតផង​ ព្រោះថា​រាល់​ផលិតផល​ថ្នាំជក់​ដែល​មិនមាន​សារព្រមាន​សុខភាព​ជារូបភាព​ អាចឲ្យដឹងបានថាជាផលិតផលថ្នាំជក់​ខុសច្បាប់ ដូច្នេះរដ្ឋាភិបាល​អាច​ចាត់​វិធាន​​ការ​ទប់​​ស្កាត់​​​បាន​​​ទាន់ពេលវេលា​។

         នៅលើពិភពលោក ប្រទេសចំនួន៧៧បានតម្រូវឲ្យ​ឧស្សាហកម្មថ្នាំជក់​បោះពុម្ពសារព្រមានសុខភាព​ជារូបភាពលើកញ្ចប់បារី។ ប្រទេស​ដែលមាន​ដាក់សារព្រមាន​សុខភាព​ជារូបភាព​ដែល​មានទំហំធំៗ មានដូចជា ប្រទេសថៃ ៨៥% ប្រទេសអូស្រ្តាលី ៨២.៥% អ៊ុយរ៉ាហ្គាយ ៨០% ប្រទេសប្រ៊ុយនេ ៧៥%  ប្រទេសកាណាដា ៧៥% ប្រទេសនេប៉ាល់ ៧៥% ប្រទេសទួគី ៦៥%  ប្រទេសមិចសិចកូ ៦៥% នៃកញ្ចប់បារីជាដើម។ មិនត្រឹមតែដាក់សារព្រមានសុខភាព​ជារូបភាពទេ ប្រទេសអូស្រ្តាលីបានតម្រូវឲ្យឧស្សាហកម្មថ្នាំជក់ផលិតកញ្ចប់បារីក្នុងទម្រង់ស្តង់ដាមួយដូចៗគ្នា​ដែល​មិនមាន ពណ៌ រូបភាព ស្លាកសញ្ញាឡូហ្គោ និងពាណិជ្ជសញ្ញារបស់​ក្រុមហ៊ុនឡើយ​ ដែលគេឲ្យឈ្មោះ​ថាកញ្ចប់បារីលាត។ ប្រទេសអៀកឡង់ អង់គ្លេស ញូវហ្សឺលែន បារាំង ហ្វាំងឡង់ និង សហភាព​អឺរ៉ុបក៏បានកំពុងធ្វើគោលនយោបាយតម្រូវឲ្យឧស្សាហកម្មថ្នាំជក់​ផលិត​កញ្ចប់​បារី​ក្នុងទម្រង់​ស្តង់ដា​ដូច​នៅ​អូស្រ្តាលីដែរ។ ប្រទេសក្នុងតំបន់អាស៊ានបានដាក់សារព្រមានសុខភាព​ជារូបភាព​ជាបន្តបន្ទាប់​ក្នុងនោះមាន ប្រទេសថៃ សិង្ហបុរី ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ហើយប្រទេសហ្វីលីពីន មីយ៉ាន់ម៉ា ឡាវក៏នឹងដាក់សារព្រមានសុខភាពជារូបភាព​ក្នុងពេលខាងមុខនេះដែរ។  នៅកម្ពុជា​ប្រជាពលរដ្ឋដ៏ច្រើនលើសលប់​ចង់ឲ្យដាក់សារព្រមានសុខភាពជារូបភាពលើកញ្ចប់បារី។ យុវជនកម្ពុជា៩០%យល់ថា​សារព្រមានសុខភាព​ជារូបភាពលើកញ្ចប់​បារីមានប្រសិទ្ធភាពជំរុញឲ្យអ្នកជក់បារី​ឈប់ជក់បារី ហើយ​យុវជន៩២%ទៀតយល់ថា​សារព្រមានសុខភាពជារូបភាព​មានប្រសិទ្ធភាពក្នុងការបង្ការកុមា​ពីការចាប់ផ្ដើមជក់បារី។