តើគួរមានច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងស្រវឹង ឬអត់ ?

     បឹងទន្លេសាបជ្រៅយ៉ាងណា  ក៏មិនធ្វើឲ្យជីវិតពលរដ្ឋខ្មែរស្លាប់ច្រើន ដូចជាស្រាដែលធ្វើឲ្យមនុស្សលង់ស្លាប់នោះដែរ ។  យោងតាមអង្គការសុខភាពពិភពលោក និងមូលនិធិសហប្រជាជាតិដើម្បីកុមារ  ៦៣%នៃការស្លាប់បណ្តាលមកពីជម្ងឺមិនឆ្លង ក្នុងនោះមានគ្រឿងស្រវឹង និងថ្នាំជក់។ មានជម្ងឺជាង២០០មុខបណ្តាលមកពីគ្រឿងស្រវឹង ដូចជាក្រិនថ្លើម  ជម្ងឺបេះដូងសរសៃឈាម  ជម្ងឺដំបៅក្រពះ និងជម្ងឺមហារីក។  ជម្ងឺទាំងនេះធ្វើឲ្យបាត់ធនធានថវិកាសម្រាប់ការព្យាបាល និងធ្វើឲ្យធនធានមនុស្សមិនមានសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អសម្រាប់ការអភិវិឌ្ឍន៍ប្រទេសឡើយ។គ្រឿងស្រវឹងនៅកម្ពុជាជម្រុញយ៉ាងសកម្មឲ្យមានការប្រើប្រាស់គ្រឿងញៀន។  បើប្រទេសកម្ពុជាមានយុវជន ជាពិសេសកងទ័ព និងនគរបាលមានជម្ងឺដ៏ច្រើនសន្ធឹកសន្ធាប់បណ្តាលមកពីស្រា-ប៊ីយែ នោះយើងប្រាកដជាជួបបញ្ហាទាក់ទងនឹងវិស័យការពារជាតិ  ការអភិវឌ្ឍន៍សេដ្ឋកិច្ច រួមទាំងការបាត់បង់សមាជិកគ្រួសារ។  គ្រឿងស្រវឹងផ្តល់ផលវិបាកលើសលប់  ក្រៅពីទទួលបានពន្ធបន្តិចបន្តួច  ដំណាលគ្នានឹងភាពមានបានរបស់បុគ្គលឯកជន។ មានគ្រួសារកម្ពុជាជាច្រើនរងគ្រោះពីគ្រឿងស្រវឹងរាប់ចាប់តាំងពីជម្ងឺផ្លូវកាយ  ជម្ងឺផ្លូវចិត្ត  ប្តីប្រពន្ធមិនចុះសម្រុងគ្នា  ការផិតក្បត់  ភាពចំណុះសារជាតិស្រវឹង  ភាពចំណុះចៅហ្វាយ ជាអាទិ៍ ដោយសារគ្រឿងស្រវឹង។ ការមានបានពីគ្រឿងស្រវឹងហាក់ដូចជា គ្មានអ្វីមកដាស់ស្មារតី។  គ្មានឆន្ទៈគ្រប់គ្រងគ្រឿងស្រវឹង  នាំឲ្យគ្មានគោលនយោបាយ   ហើយគ្មានគោលនយោបាយនឹងនាំឲ្យគ្មានច្បាប់ត្រួតពិនិត្យគ្រឿងស្រវឹង។  ការគ្មានច្បាប់ត្រួតពិនិត្យគ្រឿងស្រវឹងនាំឲ្យសង្គមត្រូវបានគ្រឿងស្រវឹង និងមនុស្សស្រវឹងត្រួត ពិនិត្យ ។  វិញ្ញាសារដែលសួរថា

ហេតុអ្វីបានជាពុំមានច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងស្រវឹងនៅកម្ពុជា  ពុំទាន់រកបានចម្លើយនៅឡើយទេ  ដរាបណាគុណធម៌ និងការជឿលើអំពើល្អមិនទាន់បានលេចរូបរាងជំនួសភាពមានបានគ្មានព្រំដែន។ សព្វថ្ងៃនេះមានមាត្រាត្រឹមតែពីរប៉ុណ្ណោះនៅក្នុងក្រមព្រហ្មទណ្ឌដែលបញ្ញត្តិទាក់ទងនឹងគ្រឿងស្រវឹង។ អំពើញុះញង់អនីតិជនដោយផ្ទាល់ឱ្យបរិភោគជាប្រចាំ និងយ៉ាងច្រើននូវគ្រឿងស្រវឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និង ពិន័យជាប្រាក់ពី១លានទៅ៤លានរៀល[1]។បុគ្គលណាដែលស្ថិតនៅក្នុងសភាពស្រវឹងយ៉ាងជាក់ស្តែងនៅលើផ្លូវសាធារណៈ ត្រូវ ផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០រៀល ទៅ ១០.០០០រៀល[2]។

     យោងតាមទស្សនៈអប់រំសីលធម៌របស់ព្រះពុទ្ធសាសនា ការប្រើប្រាស់គ្រឿងញៀន និង គ្រឿងស្រវឹងត្រូវបានហាម ។ សុរាមេរយមជ្ជប្បមាទដ្ឋានា វេវមណី ហាមផឹកទឹកស្រវឹង ជក់គ្រឿងញៀន។ មនុស្សលោក គឺជាប្រភេទសត្វលោកដ៏វិសេសនិងប្រសើរខ្ពង់ខ្ពស់ជាងសត្វតិរច្ឆាន។គ្រឿងញៀននិងគ្រឿងស្រវឹងអាចធ្វើឲ្យមនុស្សលោកបាត់បង់នូវសតិសម្បជញ្ញៈ ហ៊ានប្រព្រឹត្តនូវអំពើគ្រប់បែបយ៉ាង មានអំពើអមនុស្សធម៌ដូចជាសត្វតិរច្ឆានជាដើមផងដែរ ។ ហេតុនេះ គប្បីចេះថែរក្សានូវឋានៈ និងភាពជាមនុស្សជាតិឲ្យស្ថិតនៅគង់វង់ល្អ ការពារកុំឲ្យឋានៈនេះ ធ្លាក់ទៅនៅទាបស្មើនឹងសត្វតិរច្ឆាន ។ នេះជាចំណែកមួយនៃសីលប្រាំដែលជាសក្ខាបទជួយឲ្យមនុស្សម្នាក់ៗ ក្រុមគ្រួសារ និងសង្គមជាតិទាំងមូលមានសុខសន្តិភាព សុវត្ថិភាព  សេចក្ដីថ្លៃថ្នូរ  សណ្នាប់ធ្នាប់ និងសីលធម៌ខ្ពស់[3]។

     គ្រឿងស្រវឹងជាប្រភពមួយក្នុងចំណោមកត្តាដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរ ដែលបណ្តាលឲ្យបាត់បង់ជីវិត៣០០នាក់ក្នុងមួយ១ឆ្នាំនៅកម្ពុជា[4]។ គ្រប់ប្រភេទនៃអំពើហឹង្សាក្នុងគ្រួសារកើនស្របគ្នានឹងភាពញឹកញាប់នៃការប្រើប្រាស់គ្រឿងស្រវឹង ដូចជាការស្រែកជេរឈ្លោះប្រកែកគ្នា  ការរករឿង  ការបោកកំទេចទ្រព្យសម្បត្តិ ស្ថិតក្នុងលំដាប់ខ្ពស់ជាបន្តបន្ទាប់[5]។ ៩០%នៃកុមារកម្ពុជាអាយុ១០-១១ឆ្នាំលើកឡើងនៅក្នុងការអង្កេតឆ្នាំ២០១៣ថា មូលហេតុចម្បងបណ្តាលឲ្យមានអំពើហឹង្សាក្នុងគ្រួសារ និងសហគមន៍របស់ខ្លួន គឺគ្រឿងស្រវឹង[6]។ ការខាតបង់ថវិការបស់កម្ពុជាបណ្តាលមកពីគ្រឿងស្រវឹងគឺ៤៤លានដុល្លា ក្នុងមួយ១ឆ្នាំ[7]។  តាមការគណនាកន្លងមករបស់អ្នកជំនាញគេរកឃើញថា ក្នុងទឹកប្រាក់$៣ដែលចំណាយលើគ្រឿងស្រវឹង  ឧស្សាហកម្មគ្រឿងស្រវឹងទទួលប្រយោជន៍$២  ហើយរដ្ឋទទួលបានពន្ធត្រឹមតែ $១ប៉ុណ្ណោះ  មានន័យថាប្រទេស ជាតិ និងសង្គមទាំងមូលបាត់បង់ $២  ដោយមិនទាន់គិតដល់ជម្ងឺ  មរណភាពភាពក្រីក្រ  ភាពអសកម្មរបស់ធនធានមនុស្ស  កំណើនបទល្មើស ។ល។ដែលសង្គមកម្ពុជារងការឈឺចាប់។      

     នៅទីណា និងវិនាទីណាក៏ព័ត៌មានស្តីពីគុណសម្បត្តិ និងការលើកទឹកចិត្តឲ្យប្រើ គ្រឿងស្រវឹងត្រូវបានឧស្សាហករណ៍គ្រឿងស្រវឹងបាញ់សន្ធប់ទៅមនុស្សគ្រប់វ័យ។ គ្រឿងស្រវឹងត្រូវបានគេធ្វើឲ្យក្លាយជាវប្បធម៌  ដោយបំភ្លេចចោលនូវផលវិបាក។ ចាប់តាំងពីពេលរៀបអាពាហ៍ពិពាហ៍  សែនព្រេន  ក្រោយឆ្លងទន្លេ  ខួបកំណើត  បុណ្យចម្រើនព្រះជន  ការជួបស្វាគមន៍ រហូតដល់ឪពុកម្តាយជីដូចជីតាស្លាប់  សុទ្ធតែមានវត្តមានគ្រឿងស្រវឹង។  សត្វត្រូវបានគេយកទៅត្រាំទាំងរស់ ឬដុតកម្លោច យកទៅត្រាំក្នុងគ្រឿងស្រវឹង  ដោយសារមានជំនឿមិនត្រឹមត្រូវថាគ្រឿងស្រវឹងជួយសុខភាព។ គ្មានភស្តុតាងវិទ្យាសាស្ត្របង្ហាញថាគ្រឿងស្រវឹងផ្តល់អត្ថប្រយោជន៍ខាងសុខភាពឡើយ រហូតមកដល់សព្វថ្ងៃ។  

     កុមារពើបប្រទះការប្រើប្រាស់គ្រឿងស្រវឹង  ចាប់ពីដំណាក់កាលអភិវឌ្ឍដំបូងនៃ   ជីវិត។  សមាជិកគ្រួសារប្រើប្រាស់គ្រឿងស្រវឹង ឬបង្គាប់ឲ្យកុមារទៅទិញឬលក់គ្រឿងស្រវឹង  ជាការបណ្តុះវប្បធម៌ស្រវឹង។ ពីដំណាក់កាលអភិវឌ្ឍដំបូងដល់វ័យជំទង់(កុមារធំ/ជំទង់: ១២ឆ្នាំ-១៨ឆ្នាំ)  សរីរៈរបស់កុមារមានប្រព័ន្ធការពារលូតលាស់មិនទាន់បានពេញលេញនៅឡើយ។នៅពេលនេះខួរក្បាលងាយទទួលការបង្អាក់ដល់ការលូតលាស់  បើមានឧបសគ្គដូចជាការប្រើប្រាស់គ្រឿងស្រវឹង។  ការគិត ឬបញ្ញាស្មារតីនៅវ័យកុមារ  មិនទាន់មានភាពចាស់ទុំ  ដូច្នេះបើកុមារប្រើប្រាស់គ្រឿងស្រវឹងចាប់តាំងពីនៅវ័យកុមារ  បញ្ញាស្មារតីរបស់កុមារនឹងទទួលផលប៉ះពាល់ធ្ងន់ធ្ងរ។ 

     ចំពោះមនុស្សពេញវ័យ  សរីរៈ និងប្រព័ន្ធការពារបានលូតលាស់ពេញ  ហើយមនុស្សក្នុងស្ថានភាពធម្មតាមានសមត្ថភាពបែងចែកខុសត្រូវ   ដូច្នេះបើគេប្រើប្រាស់គ្រឿងស្រវឹងគឺជាការជ្រើសរើសរវាងសេចក្តីសុខខាងរូបរាងកាយ និងបញ្ញាស្មារតី និង ផលវិបាកអវិជ្ជមានដូចជាជម្ងឺ/មរណភាព/ការខាតបង់ដែលបណ្តាលមកពីការចាប់យកគ្រឿងស្រវឹង..ដោយខ្លួនឯង។

     អាយុនៃអ្នកទិញ និងប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជានាពេលបច្ចុប្បន្នមានវ័យកាន់តែក្មេងទៅៗ។ គ្រប់ៗគ្នាសុទ្ធតែទទួលយកហេតុការណ៍ថាអ្នកទិញនិងប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជាអាយុក្រោម ១៨ឆ្នាំ មានច្រើនសន្ធឹកសន្ធាប់  ដោយសារជីវិតពលរដ្ឋកម្ពុជាទូទាំងប្រទេសត្រូវបានហ៊ុំព័ទ្ធដោយការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿស្រវឹង ខ្លាំងជាងការទម្លាក់គ្រាប់បែករបស់ទ័ពសម្ព័ន្ធមិត្តនៅអារ៉ាប់។ យោងតាមការស្ទង់មតិស្តីពីការប្រើប្រាស់គ្រឿងស្រវឹង ឆ្នាំ២០១៤ មានពលរដ្ឋ៨៧.១% បានសង្កេតឃើញថាកុមារអាចទិញនិងប្រើប្រាស់គ្រឿងស្រវឹង  ហើយនៅតាមភោជនីយដ្ឋាន និងសួនស្រាបៀរ មានសុទ្ធតែមនុស្សវ័យក្មេងៗ រួមទាំងកុមារប្រើប្រាស់គ្រឿងស្រវឹង (៤០.១%)។

     នៅលើហ្វេសប៊ុកនាពេលកន្លងមក មានការដាក់បង្ហោះឃ្លីបវីដេអូពីការលើកទឹកចិត្តអោយកុមារដែលមានអាយុប្រមាណ៣ ទៅ ៥ឆ្នាំ សេពគ្រឿងស្រវឹង។  ខ្ញុំបានឃើញដោយផ្ទាល់ភ្នែកដែលម្តាយនឹងកូនប្រុសដើរសុំទាននៅក្រុងព្រះសីហនុត្រូវបានគេដាក់ទានជាស្របៀរមួយកំប៉ុង  ហើយម្តាយគាស់ស្រាបៀរឲ្យកូនប្រុសជាអ្នកសុំទានអាយុប្រហែល ៧ឆ្នាំ  ផឹកទាំងព្រឹកព្រលឹមម៉ោង៦ព្រឹក។ តើគួរឲ្យសង្គមជាអ្នកទទួលខុសត្រូវចំពោះកុមារនេះ ឬទម្លាក់ការទទួលខុសត្រូវលើអ្នកដាក់ទាន ឬលើម្តាយថាគេគ្រប់គ្នាចិញ្ចឹមកូនបានល្អហេតុអ្វីខ្លួនធ្វើមិនបានដូចគេ ?

     តើនឹងមានផលប៉ះពាល់អ្វីខ្លះចំពោះអ្នកប្រើប្រាស់គ្រឿងស្រវឹងដែលមានអាយុកាន់តែក្មេង? ចូរយើងពិនិត្យបញ្ហានេះរួមគ្នាផ្តើមចេញពីទស្សនៈច្បាប់(អនុសញ្ញាស្តីពីសិទ្ធិកុមារ)  ទស្សនៈជីវសាស្ត្រ(សរីរៈ) និងទស្សនៈស្តីពីការអភិវឌ្ឍន៍កុមារ(បញ្ញាស្មារតី និងការដឹងខុសត្រូវ)៖

១. ផ្អែកតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ

     កុមារមានសិទិ្ធទទួលបានការអភិវឌ្ឍ  ក្នុងនោះការអភិវឌ្ឍន៍ផែ្នករាងកាយ និងបញ្ញាស្មារតី។  ក្នុងទំនាក់ទំនងអនុសញ្ញានេះ  ករណីចំនួនអ្នកប្រើប្រាស់គ្រឿងស្រវឹងក្មេងៗកាន់តែច្រើនមានន័យ និងសញ្ញាឲ្យដឹងថាសិទ្ធិរស់រានមានជីវិតត្រូវបានកាត់បន្ថយ ឬត្រូវបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ  ហើយសិទ្ធិក្នុងការអភិវឌ្ឍត្រូវបានធ្វើឲ្យក្រិន ។ 

២. ទស្សនៈជីវសាស្ត្រ

     នៅពេលមិនទាន់មានប្រព័ន្ធការពាររាងកាយរឹងមាំ  កុមារងាយទទួលផលប៉ះពាល់ពីគ្រឿងស្រវឹង  ដូចជាមានបញ្ហាខួរក្បាល  និងការចងចាំ។ ហេតុការណ៍ពិតគឺថាគ្រឿងស្រវឹងបង្កឲ្យមានផលប៉ះពាល់តាំងពីផឹកលើកទី១  ជាពិសេសជាតិពុល  ជាតិអេតាណុលមានគ្រោះថ្នាក់ជាងគ្រឿងផ្សំផ្សេងៗទៀតនៅក្នុងគ្រឿងស្រវឹង...។

៣. ទស្សនៈស្តីពីការអភិវឌ្ឍន៍កុមារ

     កាលណាសុខភាពផ្លូវកាយរបស់កុមារទទួលផលប៉ះពាល់ពីគ្រឿងស្រវឹងដោយសារវាចូលមកបន្ទុចបង្អាក់ជីវិតរបស់កុមារតាំងពីនៅក្មេងខ្ចី(តាំងពីនៅជាទំពាំង)  សុខភាពផ្លូវចិត្តរបស់កុមារក៏ទន់ខ្សោយទៅតាមនោះ។ បើអនុញ្ញាតកុមារប្រើប្រាស់គ្រឿងស្រវឹងនៅវ័យក្មេង  ធ្វើឲ្យកុមារយល់ច្រឡំអំពីសិទ្ធិរបស់ខ្លួន។ដោយសារកុមារនោះវ័យខ្ចីខាងរូបកាយ-ស្មារតី  ការអនុញ្ញាតឲ្យកុមារមានសិទ្ធិប្រើប្រាស់ផលិតផលគ្រោះថ្នាក់ដល់ជីវិតដូចជាស្រា  បារី  គ្រឿងញៀន។ល។មិនមែនជាគោលបំណងនៃការអភិវឌ្ឍកុមារឡើយព្រោះទស្សនៈស្តីពីការអភិវឌ្ឍន៍កុមារ លើសពីគំនិតដែលគ្រាន់តែការរស់   ពោលគឺត្រូវរស់ដោយមានគុណភាពនៃជីវិត។ 

     តើមានការស្រាវជ្រាវដែលបង្ហាញពីអត្រាអ្នកប្រើប្រាស់គ្រឿងស្រវឹងដែលមានវ័យក្មេងដែរឬទេ? តាមលទ្ធផលនៃការស្ទង់មតិស្តីពីការប្រើប្រាស់គ្រឿងស្រវឹង ឆ្នាំ២០១៤  បង្ហាញឲ្យឃើញថា៖ មនុស្សអាយុ ៨ - ១៧ ឆ្នាំ  ចំនួន ១១.៣% និងមនុស្សអាយុ ១៨ - ៣៤ឆ្នាំ ចំនួន ៨២.១% ប្រើប្រាស់គ្រឿងស្រវឹង។ សូមធ្វើការវិភាគតួលេខខាងលើនេះ ដូចតទៅ៖

តួលេខនេះបង្ហាញថាអត្រាអ្នកប្រើប្រាស់គ្រឿងស្រវឹងនៅវ័យក្មេងមានចំនួនច្រើនសន្ធឹកសន្ធាប់  ព្រោះយើងចាត់មនុស្សវ័យក្មេង ដូចតទៅ៖

(១)កុមារ ឬអនីតិជន៖ អាយុក្រោម១៨ឆ្នាំ  

(២)យុវជន ៖ អាយុពី១៨ឆ្នាំ ដល់២៥ឆ្នាំ  ហើយ

(៣)អាយុក្រោម៣៤ឆ្នាំ ក៏មិនមែនជាមនុស្សចាស់ដែរ ពោលគឺជាកម្លាំងពលកម្មដ៏មានសក្តានុពល។

     សរុបមកមនុស្សវ័យក្មេងនៅកម្ពុជាប្រើប្រាស់គ្រឿងស្រវឹងមានអត្រាខ្ពស់ជាទីបំផុតដែលទាមទារនូវអន្តរាគមន៍បន្ទាន់។តើមូលហេតុអ្វីទើបធ្វើអោយអ្នកប្រើប្រាស់គ្រឿងស្រវឹងចាប់ផ្ដើមពីអាយុកាន់តែ ក្មេងទៅៗ? ចម្លើយមានដូចតទៅ៖

(១)ការផ្សាយពាណិជ្ជកម្មយ៉ាងអនាធិបតេយ្យ 

(២) ការមិនកំហិតអាយុអាចប្រើប្រាស់គ្រឿងស្រវឹង  អាយុចូលក្លិបរាត្រី-ខារ៉ាអូខេ-

(៣)ការមើលឃើញមនុស្សគំរូជាមនុស្សពេញវ័យ ដែលប្រើប្រាស់គ្រឿងស្រវឹងដោយចំហរប្រកបដោយភាពជម្រុញ និងនៅចំពោះមុខកុមារ ដូចជានៅតាមផ្ទះ  តាមសួនសាធាណៈ

(៤) ការឲ្យកុមារចូលរួមក្នុងសកម្មភាពប្រើប្រាស់គ្រឿងស្រវឹង៖ រាប់ចាប់ពីការប្រើឲ្យទៅទិញ  ការហៅកុមារឲ្យសាក

(៥)ការមិនកំហិតការលក់គ្រឿងស្រវឹង  ភាពអាចរកបានគ្រប់ទីកន្លែង និង គ្រប់ពេល (៦)គ្រឿងស្រវឹងមានតម្លៃថោក (៧)ការមិនអនុវត្តច្បាប់ដែលមានបទប្បញ្ញត្តិតិចតួចស្រាប់ ជាពិសេសក្រមព្រហ្មទណ្ឌ

(៨) ការបណ្តុះគំនិតទទួលយកគ្រឿងស្រវឹងថាជារឿងធម្មតា ដូចជាការជូនអំណោយ  ការផឹកស៊ីក្នុងកន្លែងធ្វើការ  ប៉ុស្តិ៍ធ្វើការ  ការប៉ាវកូនចៅឬអ្នកក្រោមបង្គាប់ឲ្យផឹកគ្រឿងស្រវឹង  ការបង្គាប់ឲ្យមានការសូកឬតម្រូវចិត្តតាមរយៈការផឹកគ្រឿងស្រវឹង  

(៩) ការស្តុកនិងដាក់តាំងគ្រឿងវឹងនៅក្នុងផ្ទះដូចជាស្រាត្រាំនឹងសត្វ-រុក្ខជាតិ  ស្រាបរទេស

(១០)ការសន្ទនាគ្នាដោយអួតអាងពីគ្រឿងស្រវឹង  ពីការសេពគ្រឿងស្រវឹង  គុណភាពគ្រឿងស្រវឹងនៅមុខកុមារ។

     មានប្រទេសជាច្រើនកំណត់អាយុអ្នកប្រើប្រាស់គ្រឿងស្រវឹង  ដូចជាថៃ ឥណ្ឌូនេស៊ី ស្វ៊ីស អាមេរិច អេហ្ស៊ីប អាយុ២១ឆ្នាំ ទើបទិញនិងប្រើគ្រឿងស្រវឹងបាន។ នៅសហរដ្ឋអាមេរិច  រដ្ឋជាច្រើនកំណត់អាយុអាចប្រើប្រាស់ និងទិញគ្រឿងស្រវឹង ចាប់អាយុ២១ឆ្នាំឡើង  ដូចជាហាវ៉ៃ  អាឡាស់ស្កា  និងអារីហ្សូណា ជាដើម។ មានប្រទេសខ្លះកំណត់ត្រឹម ១៨ ឆ្នាំ ដូចជា អូស្ត្រាលី ចិន តៃវ៉ាន់ ជាដើម។ ប្រទេសមួយចំនួនមិនអនុញ្ញាតឲ្យប្រើប្រាស់គ្រឿងស្រវឹងតែម្តងដូចជាប្រ៊ុយណេ  លីប៊ី  ប៉ាគីស្ថាន  កាតា United Arab Emirates យេមែនជាដើម។

     តើការកំណត់អាយុអ្នកទិញ និងប្រើប្រាស់គ្រឿងស្រវឹងមានសារៈប្រយោជន៍អ្វីខ្លះ? មុននឹងឆ្លើយនឹងសំណួរនេះ  យើងគប្បីពិនិត្យលើកត្តាមួយចំនួនដូចតទៅ៖ (១). កុមារ  មនុស្សជំទង់ និងមនុស្សចាស់ងាយរងគ្រោះជាពិសេសចំពោះភាពអន្តរាយបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងក្នុងកម្រិតជាក់លាក់មួយ ជាងក្រុមអាយុផ្សេងទៀត  (២). ការចាប់ផ្តើមប្រើប្រាស់គ្រឿងស្រវឹងនៅវ័យក្មេងពេក ជាពិសេសមុនអាយុ១៤ឆ្នាំ គឺជាសញ្ញាឲ្យដឹងស្ថានភាពសុខភាពដែលមានពិការភាពឬរងការខូចខាត ព្រោះវានាំឲ្យកើនឡើងនូវហានិភ័យនៃភាពចំណុះនឹងគ្រឿងស្រវឹង និងការបំពានសារជាតិស្រវឹងនៅអាយុបន្ទាប់   គ្រោះថ្នាក់ចរាចរបង្កដោយការបើកបរយានយន្ត និងការរងរបួស (៣). នៅពេលប្រើប្រាស់គ្រឿងស្រវឹងមនុស្សវ័យក្មេងច្រើនប្រកាន់យកឥរិយាបទមិនប្រយ័ត្នប្រយែង  (យោងតាមរបាយការណ៍ WHO ឆ្នាំ២០១៤)។

     ការកំណត់អាយុអ្នកទិញ និងប្រើប្រាស់គ្រឿងស្រវឹងមានសារៈប្រយោជន៍ ដូចតទៅ៖

(១). បង្ការភាពចំណុះនឹងគ្រឿងស្រវឹង &ការបំពានសារជាតិស្រវឹងរបស់មនុស្សវ័យក្មេង

(២). បង្ការគ្រោះថ្នាក់ចរាចរបង្កដោយការបើកបរយានយន្ត និងការរងរបួសបង្កដោយមនុស្សវ័យក្មេង

(៣). ធ្វើឲ្យមនុស្សវ័យក្មេងប្រកាន់យកឥរិយាបទនិងអាកប្បកិរិយាប្រយ័ត្នប្រយែង ជាងមិនប្រើប្រាស់គ្រឿងស្រវឹង

(៤).ធ្វើឲ្យកុមារលូតលាស់ពេញសក្តានុពលដែលអាចលូតលាស់បានទាំងរូបរាងកាយនិងបញ្ញាស្មារតី

(៥).ធ្វើឲ្យប្រទេសកម្ពុជាមានធនធានមនុស្សដែលមានសុខភាពល្អ និងចេះទទួលខុសត្រូវចំពោះសង្គម  ព្រោះកុមារភាពជាគ្រឹះដ៏សំខាន់សម្រាប់ភាពជានីតិជន ឬជាមនុស្សពេញវ័យ។  ការកំណត់អាយុអាចទិញនិងប្រើប្រាស់គ្រឿងមិនរារាំងសិទ្ធិរបស់ជនណាមួយដែលចង់ទិញគ្រឿងស្រវឹងសម្រាប់ពិធីនានានោះឡើយ។ ឧទាហរណ៍ៈ អាយុអាចរៀបអាពាហ៍ពិពាហ៍គឺ១៨ឆ្នាំ។ករណីអ្នករៀបអាពាហ៍ពិពាហ៍មានអាយុទាបជាងនេះ  ឪពុកម្តាយឬអ្នកអាណាព្យាបាលឬញាតិផ្សេងទៀតអាចចាត់ចែងពិធីជប់លាងអាពាហ៍ពិពាហ៍បានដោយមិនចាំបាច់ឲ្យអនីតិជនទៅទិញគ្រឿងស្រវឹង។ ការកំណត់អាយុអាចទិញគ្រឿងស្រវឹងបាន ជាវិធានការការពារសុខភាព និងអាយុជីវិត ដែលកំណត់ដោយច្បាប់។  រីឯការប្រើប្រាស់គ្រឿងស្រវឹងគ្រាន់តែជាជម្រើសរបស់បុគ្គល ដែលមិនមានច្បាប់ណាចែងឡើយ។

     ក្រៅពីការប្រើប្រាស់គ្រឿងស្រវឹង ដោយសារមិនមានច្បាប់កំណត់អាយុអ្នកអាចទិញគ្រឿងស្រវឹង  ជាញឹកញាប់កុមារកម្ពុជាត្រូវបានគេប្រើឲ្យទិញ និង ឲ្យលក់គ្រឿងស្រវឹង។ ការប្រើប្រាស់គ្រឿងស្រវឹងជាឧបសគ្គនៃការអភិវឌ្ឍប្រទេស  ព្រោះថាការប្រើប្រាស់គ្រឿងស្រវឹងនាំមកនូវការខូចខាតធំៗសម្រាប់អ្នកប្រើប្រាស់ គ្រួសារ សង្គម និងជាតិ។ បើប្រទេសមួយមានជម្ងឺច្រើន  ធនធានមនុស្សក៏ខ្សោយទៅតាមនោះ  ការបាត់បង់ជីវិតច្រើនធ្វើឲ្យការការពារអសមត្ថភាព   អំពើហឹង្សាច្រើនក្នុងសង្គមធ្វើឲ្យសង្គមមានជម្ងឺរ៉ាំរ៉ៃ   ហើយការខាតបង់ថវិកាច្រើនទៅលើគ្រឿងស្រវឹងធ្វើឲ្យការវិនិយោគទៅលើវិស័យសុខុមាលភាពមិនត្រូវបានឆ្លើយតបពេញលេញ    សង្គមបែបនោះនឹងជួបឧបសគ្គច្រើនក្នុងការអភិវឌ្ឍយូរអង្វែង។

     ប្រជាពលរដ្ឋ ៩៤.៨% បានគាំទ្រឲ្យរដ្ឋាភិបាលហាមឃាត់ការទិញ និងប្រើ ប្រាស់គ្រឿងស្រវឹងដោយកុមារ (កម្រិតអាយុអ្នកទិញ និង ប្រើប្រាស់គ្រឿងស្រវឹង)   “ ផ្អែកលើការស្ទង់មតិដោយសកលវិទ្យាល័យភ្នំពេញ នៅឆ្នាំ២០១៤ “។

     សរុបសេចក្តីមក អ្នកប្រើប្រាស់ស្រាបៀរឡើងដល់កម្រិតកំពូលគឺ ៨៣.៧% នៃប្រភេទគ្រឿងស្រវឹង  ដំណាលគ្នានឹងការផ្សាយពាណិជ្ជកម្ម   គ្រប់មធ្យោបាយផ្សព្វផ្សាយ   គ្រប់ច្រកល្ហកនៃដែនដី រាប់តាំងពីផ្លូវធ្វើដំណើរ   ក្លោងទ្វារ   កៅអីអង្គុយ   ជញ្ជាំង និងពិដាន។ ការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនស្រាដូចជាស្រាបៀរហ្កេនស៍ប៊ឺត  ស្រាបៀរកម្ពុជា  ស្រាបៀរអង្គរ    ស្រាបៀរឆាង  អាឡិចហ្សង់វីស្គី  ស៊ុបភើហ្កូល។ល។ និង។ល។ ប្រៀបបាននឹងការបណ្តុះ និងពង្រឹងវប្បធម៌សេពគ្រឿងស្រវឹង យ៉ាងរឹងមាំនៅក្នុងសង្គមកម្ពុជា។  សូម្បីតែប្រព័ន្ធផ្សព្វផ្សាយដែលអាចចាត់ទុកថាមានវិជ្ជាជីវៈក៏ចូលរួមយ៉ាងសកម្មក្នុងការផ្សាយពាណិជ្ជកម្មជម្រុញការប្រើប្រាស់គ្រឿងស្រវឹងដែរ។

     គ្រឿងស្រវឹងបង្កផលវិបាកច្រើនមហិមាចំពោះសង្គមជាតិ  ដូចបានរៀបរាប់ខាងដើមព្រោះវារួមចំណែកធ្វើឲ្យមនុស្សខ្វះការទទួលខុសត្រូវ  វាជាខ្សែតភ្ជាប់ទៅនឹងគ្រឿងញៀន និងអំពើហឹង្សាផ្លូវភេទ។ កម្ពុជាជាប្រទេសតូច  ប្រជាជនតិច និងក្រីក្រដែលស្ថិតនៅចន្លោះប្រទេសធំ២ ដែលមានប្រជាជនច្រើន និងកម្លាំងសេដ្ឋកិច្ចនិងធនធានមនុស្សខ្លាំងជាង។ កម្ពុជាអាចឈររឹងមាំនៅក្នុងប្រវត្តិសាស្ត្របានលុះត្រាកម្ពុជាមានធនធានមនុស្សដែលមានសុខភាពផ្លូវកាយ-ផ្លូវចិត្តល្អ  និងស្វាហាប់ដូចជាប្រជាជនអ៊ីស្រាអែល[8] ដែលមានចំនួនតិចតែខ្លាំងក្លារឹងមាំ។  ក្រុមហ៊ុនស្រាបៀរកំពុងបំពុលយុវជនឲ្យដេកត្រាំក្នុងសារជាតិពុល និងស្រវឹង ដូចជា ក្រុមហ៊ុនស្រាបៀរអង្គរផ្សាយថា “ ហ៊ានធ្វើខ្លួនឲ្យលេចធ្លោ និងមោះមុត “ ដោយមានរូបភាពដបស្រា មានន័យថាលេចធ្លោនៅក្នុងដបស្រាឬយ៉ាងណា ? តើមោះមុតនៅក្នុងការផឹកមិនខ្លាចស្លាប់ឬយ៉ាងណា ? 

     ដូច្នេះសូមមេត្តាមានវិធានការបន្ទាន់បញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង  ទោះក្នុងដំណាក់កាលកំពុងរង់ចាំរៀបចំច្បាប់ក្តី។ សូមអ្នកទទួលទានគ្រឿងស្រវឹងមេត្តាសួរខ្លួនឯងថា តើគ្រឿងស្រវឹងនាំមកនូវអ្វីខ្លះដល់ខ្លួន និងគ្រួសារ  គ្រឿងស្រវឹងបានធ្វើឲ្យលោកអ្នកលេចធ្លោដូចម្តេចខ្លះ  គ្រឿងស្រវឹងនាំមកនូវភាពមោះមុតបែបណាដល់យុវជន។ 

 

សូមជូនពរឲ្យគ្រួសារលោកអ្នករួចផុតពីឧបទ្រពបណ្តាលមកពីគ្រឿង

ស្រវឹង ដូចជាគ្រោះថ្នាក់ចរាចរ  ជម្ងឺ  និង មរណភាព។

ដោយមេធាវី កែវ សុភា (សុខគា)

ប្រធានក្រុមមេធាវីអេស  ខេ &  ភី កម្ពុជា

 

ឯកសារយោង៖

[1] មាត្រា ៣៤៣.- បទញុះញង់អនីតិជនឱ្យបរិភោគគ្រឿងស្រវឹង  ក្រមព្រហ្មទណ្ឌ។

[2] មាត្រា ២៩៧.- បទស្រវឹងជាក់ស្តែង  ក្រមព្រហ្មទណ្ឌ។

[3] http://phkhmer.blogspot.com/2013/01/blog-post_7376.html

[4] Handicap International, 2011

[5] Violence Against Women, MoSVY 2009

[6] Alcohol consumption is linked with sexual abuse, WHO 2014

[7] Handicap International, 2011

[8] អ៊ីស្រាអែលមានប្រជាជន7,821,850នាក់  មានព្រំប្រទល់ជាប់នឹងអេហ្សីបដែលមានប្រជាជន 86,895,099នាក់ ។