ថ្នាំជក់ - ឧបសគ្គនៃការអភិវឌ្ឍកម្ពុជា

ក្នុងចំណោមប្រជាជនជាង១៥លាននាក់ កម្ពុជាមានអ្នកប្រើប្រាស់ថ្នាំជក់ច្រើនជាង ២លាននាក់ (ទិន្នន័យនៃវិទ្យាស្ថានជាតិសិ្ថតិនៃក្រសួងផែនការឆ្នាំ២០១៤)។ មនុស្សទូទាំងពិភពលោកទទួលស្គាល់ថាថ្នាំជក់ជាកត្តាហានិភ័យបង្កជំងឺមិនឆ្លង ពិការភាព និង ការស្លាប់។ ផ្ទុយមកវិញ គ្រោះថ្នាក់នៃផលិតផលថ្នាំជក់ចំពោះការអភិវឌ្ឍប្រទេសជាពិសេសវិស័យសេដ្ឋកិច្ច បែរជាមិនសូវត្រូវបានលើកយកមកពិភាក្សា។

ទំនាក់ទំនងរវាងថ្នាំជក់និងការអភិវឌ្ឍនៅកម្ពុជា

តាមរយៈកិច្ចសម្ភាសជាមួយអ្នកជក់បារីមួយចំនួន កាលពីពេលកន្លងមក យើងបានកត់សម្គាល់ថា ចំណាយរបស់ពួកគេទៅលើការជក់បារីក្នុង១ថ្ងៃប្រហាក់ប្រហែលឬច្រើនជាងការចំណាយទៅលើបាយ១ពេល។ គំហើញនេះស្របទៅនឹង ទិន្នន័យចំណាយសរុបរបស់ប្រជាជនកម្ពុជាលើការទិញបារីស្មើនឹង ជាង២០០លានដុល្លារអាមេរិច ដែលតម្លៃនេះអាចទិញអង្ករគុណភាពល្អបានប្រមាណជាង ៣០ម៉ឺនតោន (វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ)។ បន្ថែមពីនេះ យោងតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពនៃក្រសួងសុខាភិបាល បានរកឃើញថា

ចំណាយទៅលើការព្យាបាលជំងឺ៥មុខដែលទាក់ទងនឹងការប្រើប្រាស់ថ្នាំជក់ ស្មើនឹង១៦២លានដុល្លារអាមេរិចនៅឆ្នាំ២០១៣។ ចំណាយដ៏ធំធេងនេះ គឺជាកត្តាលីករជំរុញអោយពលរដ្ឋកម្ពុជាធ្លាក់ចូលក្នុងភាពក្រីក្រ។ ការចំណាយទៅលើបារីឬថ្នាំជក់ ត្រូវបានរកឃើញថា ត្រូវបានដកពីចំណាយនៃតំរូវការចាំបាច់ក្នុងគ្រួសារដូចជា ចំណីអាហារ សម្លៀកបំពាក់ ការអប់រំជាដើម ជាពិសេសក្នុងគ្រួសារដែលមានចំណូលទាប។ ការណ៍នេះបណ្ដាលអោយសមាជិកដែលរស់ក្នុងគ្រួសារចំណូលទាបនិងមធ្យម ដែលមានអ្នកជក់បារីប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភ។ នេះជាទឡ្ហីករដែលបញ្ជាក់ថា ថ្នាំជក់គឺជាឧបសគ្គដែលរាំងស្ទះដល់ការអភិវឌ្ឍប្រទេសកម្ពុជា ដែលយើងឃើញថាកម្ពុជាបាត់បង់ធនធានមនុស្ស ១ម៉ឺននាក់ ក្នុង១ឆ្នាំៗដោយសារការប្រើប្រាស់ថ្នាំជក់។ បន្ថែមពីនេះ អ្នកជក់បារីដែលនៅមានជីវិត បែរជាមានបញ្ហាសុខភាព ឬ ស្ថិតក្នុងពិការភាព ដែលមិនអាចក្លាយជាធនធានមនុស្សដែលមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិបាន។

ការពិតជាសកលអំពីថ្នាំជក់

ជារៀងរាល់ឆ្នាំ មនុស្សជាង 7 លាននាក់បានស្លាប់ដោយសារការប្រើថ្នាំជក់ ដែលតួលេខនេះត្រូវបានព្យាករថានឹងកើនឡើងដល់ជាង 8 លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ 2030 បើមិនមានការធ្វើសកម្មភាពណាមួយអោយបានរឹងមាំទេ។ ការប្រើប្រាស់ថ្នាំជក់គឺជាគ្រោះថ្នាក់សម្រាប់បុគ្គលគ្រប់រូប ដោយមិនគិតពីភេទ អាយុ ពណ៌សម្បុរ វប្បធម៌ ឬ កំរិតនៃការអប់រំ ឡើយ។ ការប្រើប្រាស់ថ្នាំជក់នាំមកនូវទុក្ខវេទនា ជំងឺនិងការស្លាប់ គ្រួសារក្រីក្រ និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។

ចំណែកការដាំថ្នាំជក់តម្រូវឱ្យប្រើថ្នាំសម្លាប់សត្វល្អិតនិងជីដែលអាចបំពុលកសិករនិងទឹក។ ជារៀងរាល់ឆ្នាំការដាំថ្នាំជក់ប្រើដីទំហំ 4,3 លានហិកតា ដែលជាលទ្ធផលនាំអោយមានការកាប់បំផ្លាញព្រៃឈើជាសកលពី 2% និង 4% នៃចំនួនព្រៃឈើសរុបទូទាំងសកលលោក ។ លើសពីនេះ ផលិតកម្មថ្នាំជក់បានបន្សល់នូវ កាកសំណល់រឹងជាង 2 លានតោនក្នុង១ឆ្នាំៗ ដែលវាប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន។

សារៈសំខាន់នៃសកម្មភាពត្រួតពិនិត្យថ្នាំជក់ និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ដើម្បីរំលេចនូវទំនាក់ទំនងរវាងថ្នាំជក់និងការអភិវឌ្ឍ ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៧ នឹងត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “ថ្នាំជក់ជាឧបសគ្គចំពោះការអភិវឌ្ឍ”។ ប្រធានបទនេះ បានរំលេចឡើងនូវសារៈសំខាន់នៃសកម្មភាពត្រួតពិនិត្យថ្នាំជក់របស់រដ្ឋាភិបាលប្រទេសនីមួយៗ ដែលវាមានប្រសិទ្ធភាពឆ្លើយតបនឹងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិរួមមាន ការលុបបំបាត់ភាពក្រីក្រ ការលុបបំបាត់ភាពអត់ឃ្លាន ការលើកកំពស់សុខភាពនិងគុណភាពជីវិត ការប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុជាដើម។ 

តើកម្ពុជាត្រូវធ្វើអ្វីបន្តទៀតក្នុងការកាត់បន្ថយគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំជក់?

កម្ពុជាមានច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់និងលិខិតបទដ្ឋានគតិយុត្តិក្រោមច្បាប់ជាបន្តបន្ទាប់ តាំងពីឆ្នាំ២០១៥។ ដូចនេះដើម្បីកាត់បន្ថយគ្រោះថ្នាក់ទាំងឡាយដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់ និង ឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដែលមានការប្ដេជ្ញាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការរឹតបន្តឹងការអនុវត្តច្បាប់គឺចាំបាច់ត្រូវតែធ្វើ។ 

•ការផ្សាយពាណិជ្ជកម្មបារី៖ មកដល់ខែឧសភា ឆ្នាំ២០១៧នេះទៅហើយ យើងនៅតែឃើញមានរូបភាពផ្សាយពាណិជ្ជកម្មបារី នៅតាមហាងកាហ្វេ តូបលក់គ្រឿងទេសជាច្រើន។ នារីផ្សព្វផ្សាយលក់បារីហាក់មានការកើនឡើង ដែលត្រូវបានឃើញ ដោយពលរដ្ឋនៅតាមភោជនីយដ្ឋាន សួនរាត្រី ហាងកាហ្វេ -ល-។ ការលើកកម្ពស់ការលក់បារី តាមរយៈការផ្ដល់រង្វាន់និងបញ្ចុះតម្លៃលក់ ក៏នៅតែមានជាហូរហែរ។ អ្វីទាំងនេះ បង្ហាញយ៉ាងច្បាស់អំពីការប្រព្រឹត្តផ្ទុយរបស់ក្រុមហ៊ុនថ្នាំជក់ទៅលើប្បញ្ញតិ្តនៃច្បាប់ដែលបានហាមឃាត់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់គ្រប់ទំរង់។ ដូចនេះការចុះដកហូតសម្ភារផ្សាយពាណិជ្ជកម្ម ណែនាំដល់ម្ចាស់អាជីវកម្មតែម៉្យាងគ្មានប្រសិទ្ធភាពគ្រប់គ្រាន់ឡើយ ដរាបណាក្រុមហ៊ុនដែលជាអ្នកបំពានមិនត្រូវបានទទួលទណ្ឌកម្មជាក់ស្ដែងណាមួយដូចដែលមានចែងក្នុងច្បាប់ ករណីល្មើសផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់គឺត្រូវពិន័យចាប់ពី ៨លាន ដល់ ៤០លាន។
Illegal Tobacco Ads in Form of Calendar
Illegal Tobacco Ads in Form of Calendar
Illegal Tobacco Ads in Form of Small Poster and Cigarette Stand
Illegal Tobacco Ads in Form of Small Poster and Cigarette Stand

•វិធានការបោះពុម្ពសារព្រមានសុខភាព៖ ដូចគ្នាដែរ បន្ទាប់ពីអនុក្រឹត្យស្ដីពីវិធានការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរនិងជារូបភាព លើកញ្ចប់ផលិតផលថ្នាំជក់បានអនុម័ត យើងឃើញមានតែក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះដែលអនុវត្ត។ ពលរដ្ឋនៅតែអាចរកទិញបាននូវបារីដែលគ្មានសារព្រមានសុខភាពត្រឹមត្រូវនៅតាមកន្លែងចែកចាយនានាក្នុងប្រទេស។ យោងតាមច្បាប់ក្រុមហ៊ុនត្រូវតែទទួលពិន័យចាប់ពី ៤លាន ដល់ ២០លានរៀល។ 

Pictorial Health Warning Monitoring
Pictorial Health Warning Monitoring
•ការអនុវត្តបរិស្ថានគ្មានផ្សែងបារី៖ បើទោះបីជាមានអនុក្រឹត្យហើយក្ដី ក៏ពលរដ្ឋកម្ពុជាត្រូវស្រូបផ្សែងបារីនៅតាមអគារនៃកន្លែងធ្វើការនិងកន្លែងសាធារណៈជាច្រើនដដែល។ ម្ចាស់ឬអ្នកគ្រប់គ្រងកន្លែងមួយចំនួននោះមិនបានបិទស្លាកហាមជក់បារី ហើយក៏នៅតែបន្តអនុញ្ញាតអោយមានអ្នកជក់បារីនៅកន្លែងហាមឃាត់។ ដូចនេះការផាកពិន័យអ្នកជក់នៅកន្លែងហាមឃាត់ និង ម្ចាស់អាជីវកម្មដែលមិនគោរពតាមប្បញ្ញត្តិដែលមានចែងក្នុងច្បាប់ត្រូវតែធ្វើឡើង។